នៅទីក្រុងបាលី
សិទ្ធិក្នុងការទទួលបានអាហារ ត្រូវបានលក់ដូរ
លិខិតរបស់ ម៉ារី លូ ម៉ាលីក ទៅកាន់ កាសែតចាការតា
ប៉ុស្តិ៍
ចុះផ្សាយនៅថ្ងៃទី ១៦ ខែធ្នូ ២០១៣
បកប្រែជាភាសាខ្មែរដោយស៊ឹម សុជាតា
ក្រោមការអនុញ្ញាតពីអ្នកនិពន្ធ
កិច្ចប្រជុំលើកទីប្រាំបួន
នៃអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើឡើងនិងបញ្ចប់ទៅវិញ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងបាលីកាលពីពេលថ្មីៗនេះ ហើយអង្គការពាណិជ្ជកម្មពិភពលោក
ទទួលជោគជ័យក្នុងការជម្រុញតាមរយៈ “កញ្ចប់បាលី” ដែលមិនមានតុល្យភាព ដែលរួមមានកិច្ចព្រមព្រៀងលើការសម្របសម្រួលពាណិជ្ជកម្ម
ហើយជាការផ្លាស់ប្តូរគ្នា គឺបានចងដៃចងជើងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងលទ្ធភាពរបស់ពួកគេ
ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រជាជននៅក្នុងឆ្នាំដែលនឹងមកដល់ខាងមុខ។
អង្គការពាណិជ្ជកម្មពិភពលោកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ
១៩៩៥ មានគោលបំណងច្រើនដែលក្នុងនោះ គោលបំណងមួយគឺ “ដើម្បីលើកកំពស់សុខុមាលភាពប្រជាជននៅក្នុងប្រទេសជាសមាជិក”។
មានការសន្យាជាច្រើន ដើម្បីនាំយកមកនូវការអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍ
និងប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ដោយការកាត់បន្ថយការឧបត្ថម្ភធនដែលធ្វើឲ្យមានការខូចខាតដល់ពាណិជ្ជកម្ម
នៅក្នុងប្រទេសអភិវឌ្ឍ, បញ្ចប់ការចាក់ចោល ឬការអនុវត្តការធ្វើឲ្យមានជំនន់ទីផ្សារលើផលិតផលទំនិញដែលលក់ក្រោមតម្លៃនៃការផលិត
និងការផ្តល់ប្រកបដោយអត្ថន័យ នូវការប្រព្រឹត្តិជាពិសេស និងខុសពីមុន។
ឥលូវនេះ១៨ឆ្នាំក្រោយ
ការសន្យាទាំងនោះនៅតែមិនទាន់អាចបំពេញបាននៅឡើយ ។
ការទាមទារជាយូរមកហើយរបស់ប្រទេសកំពុងអភិវឌ្ឍ ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិក លុបបំបាត់ការឧបត្ថម្ភធនលើការនាំចេញផលិតផលកសិកម្មរបស់ខ្លួនគឺនៅតែជា សេចក្តីថ្លែងការណ៍ដែលគ្មានខ្លឹមសារ។
កញ្ចប់បាលី សំដៅលើការឧបត្ថម្ភធនលើការនាំចេញទាំងនេះ និងទទួលស្គាល់ថា វាបានហួសថ្ងៃផុតកំណត់ឆ្នាំ២០១៣
ទៅហើយ “យើងសោក ស្តាយណាស់ ដែលវាមិនអាចទៅរួចក្នុងការសម្រេចបាននូវគោលបំណងនេះគ្នុងឆ្នាំ២០១៣
ដូចដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍។” ប៉ុន្តែ អង្គការនេះមិន
បានប្តេជ្ញាចិត្តលើអ្វីទេ ក្រៅពី
“ការពិភាក្សាបន្ត” នៅក្នុងឆ្នាំខាងមុននេះ។
ការទាមទារសំខាន់មួយទៀត
គឺលើបញ្ហាកប្បាស ជាពិសេសកប្បាសដែលផលិតដោយបណ្តាលប្រទេសនៅអាហ្រ្វិក ហើយជាថ្មីម្តងទៀត
ថ្ងៃផុតកំណត់ដែលខកខានមិនសម្រេចបាន គឺត្រូវបានសម្តែងការសោកស្តាយ។
“យើងសោកស្តាយដែលយើងនៅមិនទាន់ ផ្តល់នៅឡើយ លើផ្នែកដែលទាក់ទងនឹងពាណិជ្ជកម្ម
នៃសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំនៅ ទីក្រុងហុងកុង
ឆ្នាំ២០០៥ ប៉ុន្តែយល់ព្រមលើសារៈសំខាន់នៃការបន្តធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកនេះ។”
ជាការតបស្នងវិញ
ប្រទេសកំពុងអភិវឌ្ឍ បានប្តេជ្ញាចិត្ត លើកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចផ្នែកច្បាប់
លើការសម្របសម្រួលពាណិជ្ជកម្ម ដែលជាបញ្ហាមួយដែលត្រូវបានបដិសេធយ៉ាងច្បាស់នៅក្នុងសន្និសិតថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងកង់គូន
ឆ្នាំ២០០៣ ហើយដែលបច្ចុប្បន្ននេះ ក្លាយជាចំណុចស្នូលនៅក្នុងកិច្ចព្រមព្រៀងទីមួយ
របស់អង្គការពាណិជ្ជកម្មពិភពលោក។
ការសម្របសម្រួលពាណិជ្ជកម្ម
ដែលជាកិច្ចព្រមព្រៀងមួយ ដែលជួយសម្រួលដល់ពន្ធគយ និងនិតិវិធីផ្នែកព្រំដែន
មានតម្លៃខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយច្បាស់ណាស់ដែលថា នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចម្រុះជាតិសាសន៍
ដែលបានគ្រប់គ្រងរួចទៅហើយលើពាណិជ្ជកម្មនៅលើសកលលោកភាគច្រើន។ របាយការឆ្នាំ២០១៣
ស្តីពីការវិនិយោគលើពិភពលោក របស់សន្និសិតរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម
និងការ អភិវឌ្ឍ បានលើកឡើងថា “ក្រុមហ៊ុនចម្រុះជាតិសាសន៍ បានសម្របសម្រួលបញ្ជីរនៃតម្លៃនៃសង្វាក់ផលិតកម្មសកល
សម្រាប់៨០%នៃការធ្វើពាណិជ្ជកម្មពិភពលោក។”
មេរៀនដែលបានរៀន៖
រាល់ការសន្យាទាំងអស់ ចំពោះប្រទេសកំពុងអភិវឌ្ឍ លើក កំពស់សុខុមាលភាពប្រជាជន និងដោះស្រាយលើក្តីកង្វល់នៃប្រទេសកំពុងអភិវឌ្ឍ
គឺជាសន្យាខ្យល់។
កិច្ចព្រមព្រៀងទីមួយ
ក្រោយពី១៨ឆ្នាំនៅការកើតមានរបស់អង្គការពាណិជ្ជកម្មពិភពលោក
ចងភ្ជាប់ប្រទេសកំពុងអភិវឌ្ឍន៍ទៅនឹងបន្ទុកមួយ
នៅក្នុងកិច្ចព្រមព្រៀងលើការសម្របសម្រួលពាណិជ្ជកម្ម
ជាថ្នូរនឹងសេចក្តីថ្លែងការណ៍ដែលគ្មានន័យខ្លឹមសារ ស្តីពីការប្រព្រឹត្តិជាពិសេស
និងខុសគ្នា និងការឧទ្ទិសដល់ការពិភាក្សាលើការដកចេញនូវការឧបត្ថម្ភធនលើការនាំចេញ។
នៅចំកណ្តាលនៃឆាកនៅទីក្រុងបាលី
គឺការការវែកញែកដេញដោលយ៉ាងធំ លើ “ប្រយោគសន្តិភាព” នៅក្នុងការចរចារលើកសិកម្ម។
ប្រទេសឥណ្ឌា និងក្រុមប្រទេស៣៣
នៃប្រទេសកំពុងអភិវឌ្ឍ ដែលរួមមានទាំងឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនផង តំបូងបានទាមទារឲ្យមានការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីកសិកម្ម
របស់អង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះ
ប្រទេសទាំងនេះអាចផ្តល់ការគាំទ្រក្នុងស្រុកដល់កសិករក្រីក្ររបស់ខ្លួន
សម្រាប់សន្តិសុខស្បៀង និងសម្រាប់គោលបំណងនៃការរក្សាស្តុកសាធារណៈ
ដោយមិនរំលោភបំពានទៅលើការដាក់កម្រិតដែលធ្វើឡើងដោយកិច្ចព្រមព្រៀងនេះ។
សហរដ្ឋអាមេរិក
និងសហភាពអឺរ៉ុប និងប្រទេសអភិវឌ្ឍដទៃទៀត រកឃើញថា បញ្ហានេះ
គឺធំពេកសម្រាប់ការពិភាក្សានៅទីក្រុងបាលី និងបានស្នើឲ្យមានប្រយោគសន្តិភាពវិញ
ឬបើនិយាយឲ្យងាយស្តាប់ គឺជាវិធានការបណ្តោះអាសន្នដែលអនុញ្ញាតឲ្យប្រទេសឥណ្ឌា
និងប្រទេសដទៃទៀត រំលោភបំពានទៅលើការដាក់កម្រិត១០% សម្រាប់ប្រទេសកំពុងអភិវឌ្ឍ
ដោយមិនប្រថុយទៅនឹងការប្តឹងផ្តល់ដោយសមាជិកអង្គការពាណិជ្ជកម្មដទៃទៀត
នៅក្រោមយន្តការដោះស្រាយជំលោះរបស់អង្គការពាណិជ្ជកម្មពិភពលោក។
នេះគឺជាការលាក់ពុតរបស់អង្គការពាណិជ្ជកម្មពិភពលោក។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តាមរយៈចន្លោះប្រហោងផ្សេងៗ គឺអាចជៀសវាងពីការកម្រិតត្រឹម៥%
នៅក្រោមកិច្ចព្រមព្រៀងស្តីពីកសិកម្ម និងផ្តល់ការគាំទ្រក្នុងស្រុករាប់ពាន់លានដុល្លា
ដល់ផលិតករ កសិកម្មរបស់ខ្លួន - សហរដ្ឋអាមេរិច ផ្តល់ការគំាទ្រ ១៣០ពាន់លានដុល្លា
នៅឆ្នាំ២០១០ ហើយសហភាពអឺរ៉ុបផ្តល់ ៧៩ពាន់លានអឺរ៉ូ (១០៩ពាន់លានដុល្លា) នៅឆ្នាំ
២០០៩។
សំខាន់ជាងនេះទៀត
សិទ្ធិទទួលបានអាហារ គឺជាសិទ្ធិមនុស្សជាសកល។ ហេតុអ្វីបានជាបណ្តាលប្រទេសនានា
ត្រូវសូមអង្វរទៅអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់សិទ្ធិក្នុងការធានាសន្តិសុខស្បៀង
ដល់ប្រជាជនរបស់ខ្លួនទៅវិញ? កសិកម្មមិនគួរត្រូវបានដាក់បញ្ចូលទៅក្នុងការចរចាររបស់អង្គការពាណិជ្ជកម្មពិភពលោកទេ។
ចុងក្រោយ
ប្រយោគសន្តិភាព ដែលរំលោភសិទ្ធិទទួលបានអាហារ គឺត្រូវបានយល់ ព្រម។ ប្រយោគនេះ លើកឡើងថា
“នៅក្នុងការបន្តនូវកម្មវិធីស្តុកសាធារណៈ សម្រាប់គោលបំណងសន្តិសុខស្បៀង
ដូចនៅក្នុងកាលបរិច្ឆេទនៃសេចក្តីសម្រេចនេះ” ដែលមានន័យថា
កម្មវិធីសន្តិសុខស្បៀងរបស់ប្រទេសកំពុងអភិវឌ្ឍណាមួយ
ក្រោយពីកិច្ចប្រជុំនៅទីក្រុងបាលី នឹងមិនត្រូវបានអនុញ្ញាតទេ
នៅក្រោមអង្គការពាណិជ្ជកម្មពិភពលោក។
ការនេះ
ធ្វើឲ្យអន្តរាយដល់សិទ្ធិទទួលបានអាហារ
និងការទទួលខុសត្រូវរបស់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈវិធីដែលទាំងឡាយដែលអាចធ្វើទៅបាន
សន្តិសុខស្បៀងរបស់ប្រជាជនរបស់គេ។ តាំងពីឥណ្ឌា
គឺជាប្រទេសតែមួយដែលបានប្រកាសនូវកម្មវិធីមួយដែលនឹងផ្តល់ការឧបត្ថម្ភលើសពីអ្វីដែលបានដាក់កម្រិត
ប្រយោគសន្តិភាពនេះ គឺត្រូវបានគេមើលឃើញថា អនុវត្តតែចំពោះប្រទេសនេះ។
បន្ថែមពីលើនេះ
ប្រយោគសន្តិភាព មានលក្ខខណ្ឌដាក់កំហិតមួយចំនួន លើប្រភេទនៃដំណាំដែលអាចដាក់បញ្ចូលបាន
និងតម្រូវការព័ត៌មានទូលំទូលាយ ដែលត្រូវការ។
វាមិនត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធន
និងវិធានការរារាំង ដែលមានន័យថា ប្រទេសផ្សេងៗ នៅតែអាចត្រូវបានប្តឹង។ ចុងក្រោយបង្អស់
មានការសន្យាទៅលើដំណោះស្រាយជាអចិន្ត្រៃយ៍ ប៉ុន្តែវានៅតែមិនច្បាស់ទាល់តែសោះ ថា
អ្វីដែលនៅកា្លយជាការពិត ហើយវានៅតែជាកម្មវត្ថុនៃការចរចារនាពេលអនាគត។
មេរៀនដែលបានរៀន៖
ប្រទេសអភិវឌ្ឍ អាចរួចខ្លួនពីការផ្តល់ការឧបត្ថម្ភធនរាប់ពាន់លានដុល្លា
ខណៈដែលប្រទេសកំពុងអភិវឌ្ឍត្រូវតែធ្វើជំនួញលើសិទ្ធិក្នុងការទទួលបានអាហារ
ដើម្បីទទួលបានប្រយោគសន្តិភាពបន្តិចបន្តួច។
ចលនាតស៊ូរបស់កសិករសកល
ឡាវីយ៉ា កាំប៉េស៊ីណា ដែលមានសមាជិកប្រមាណ២០០លាននាក់នៅជុំវិញពិភពលោក
បានអំពាវនាវឲ្យអង្គការពាណិជ្ជកម្មពិភពលោកចេញពី
វិស័យកសិកម្ម។ នៅទីក្រុងបាលី ចលនាតស៊ូសង្គម មកពីតំបន់អាស៊ី និងនៅជុំវិញពិភពលោក
អំពាវនាវឲ្យបញ្ចប់អង្គការពាណិជ្ជកម្មពិភពលោក ហើយនៅក្នុងកន្លែងរបស់ស្ថាប័ននេះ
បង្កើតនូវយុត្តិធម៌សេដ្ឋកិច្ច។ អាហារមិនអាចត្រូវបានគេចាត់ទុកជាទំនិញ
ដែលអាចត្រូវបានលក់ដូរ លក់ ឬកំណត់តម្លៃ
អាស្រ័យលើអ្នកដែលហ៊ានឲ្យថ្លៃខ្ពស់ជាងគេនោះទេ។
នៅទីក្រុងបាលី
មេរៀនដ៏សំខាន់គឺច្បាស់ណាស់ថា៖ ពាណិជ្ជកម្មសេរី ផ្លុំត្រែបិទសិទ្ធិ សូម្បីតែសិទ្ធិក្នុងការទទួលបានអាហារ។
កញ្ចប់បាលីជាប្រវត្តិសាស្រ្ត នៃអង្គការពាណិជ្ជកម្មពិភពលោក ធ្វើឲ្យអន្តរាយ អធិបតេយ្យភាពស្បៀង
សម្រាប់ឆ្នាំដែលនឹងមកដល់។[i]
[i]
អ្នកនិពន្ធ គឺជាអ្នកវិភាគគោលនយោបាយពាណិជ្ជកម្ម
និងជាអ្នកនិពន្ធលើការបោះពុម្ភផ្សាយមួយចំនួនទៀត លើបញ្ហានៃពាណិជ្ជកម្ម និងអាកាសធាតុ។
បច្ចុប្បន្ននេះ គាត់ធ្វើការឲ្យ ឡា វីយ៉ា កាំប៉េស៊ីណា នៅអាស៊ី។
Comments
Post a Comment